
សិក្ខាសាលានៃក្ដីស្រឡាញ់សម្រាប់សហគមន៍វ័យចំណាស់
ទីតាំងនៅ៖ អាសាហាកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣
រយៈពេល៖ ១ម៉ោង៣០នាទី
ពេលវេលា៖ ៧:៣០ ព្រឹក ដល់ ៩:០០ ព្រឹក
កំណត់ចំណាំ! ការចូលរួមសិក្ខាសាលានេះគឺមិនមានការបង់ប្រាក់នោះទេ
អំពីសិក្ខាសាលានេះ៖
សិក្ខាសាលានេះផ្តោតទៅលើមនុស្សវ័យចំណាស់ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។តាមរយ:ការសង្កេតមើលការរស់នៅបែបសម័យថ្មីដែលមានឧបករណ៏និងបច្ចេកវិទ្យាទំនើបជាច្រើនដើម្បីជួយដល់ការរស់នៅកាន់តែងងាយស្រួលប្រចាំថ្ងៃរបស់យើង ប៉ុន្តែដោយឡែកក៏បានធ្វើអោយយើងអសកម្មជាងមុន ដែលក្នុងនោះពួកយើងឃើញភាពសកម្មមិនបានគ្រប់គ្រាន់ធ្វើអោយប៉ះពាល់ទៅដល់សុខភាពផ្លូវកាយនិងចិត្ត ជាពិសេសប៉ះពាល់ទៅដល់មនុស្សដែលមានវ័យកាន់តែច្រើន ក្នុងនោះយើងសង្កេតឃើញថាមនុស្សដែលមានវ័យចំណាស់នៅកម្ពុជា បានចំណាយពេលសឹងតែមួយថ្ងៃពេញជារៀងរាល់ថ្ងៃទៅលើការងារដើម្បីទទួលបានប្រាក់ចំណូលទៅផ្គត់ផ្គង់គ្រួសារឲ្យរស់នៅពេញលេញ ដែលពេលខ្លះក៏មិនបានមើលថែទាំសុខភាពបានគ្រប់គ្រាន់។
កាលដែលមិនបានថែខ្លួននិងថែសុខភាពរបស់យើងឲ្យបានល្អវានឹងធ្វើឲ្យរាងកាយយើងនឹងទន់ខ្សោយនៅពេលណាមួយ។យើងក៏បានកត់សម្គាល់ថាមនុស្សវ័យចំណាស់ភាគច្រើនក៏បានចែករំលែកអំពីការលំបាករបស់ពួកគាត់ដូចជាការឈឺចុករោយចង្កេះ បញ្ហាខ្នង ឈឺជង្គង់ ឈឺឆ្អឹង ស្ពឹកស្រពន់នៃសាច់ដុំរាងកាយ មានការចុករោយតាមកន្លែងផ្សេងៗនៅក្នុងរាងកាយរបស់ពួកគាត់ដែលធ្វើឲ្យគេងមិនលក់រឺគេងមិនស្កប់ដោយសារភាពតានតឹង ការគិតច្រើន ពិបាកចិត្តអំពីរឿងរ៉ាវពីអតីតកាល អនាគតនិងការព្រួយបារម្ហខ្លាំងអំពីសុខទុក្ខកូនចៅរបស់គាត់នៅក្នុងជីវិតប្រចាំថ្ងៃ ការថប់អារម្មណ៍ មានអារម្មណ៍ឆាប់មួរម៉ៅ ឆាប់ខឹងនិងអន់ចិត្តនិងការចងចាំរបស់ពួកគាត់ចុះខ្សោយរឺមានការវង្វេងជាដើម។ពេលខ្លះពួកគាត់មានអារម្មណ៍ថាឯកាដោយសារនឹកកូនៗព្រោះភាគច្រើនយើងក៏ត្រូវទៅធ្វើការងាររៀងខ្លួនៗដើម្បីជីវភាពរស់នៅដែលជាហេតុមិនមានពេលគ្រប់គ្រាន់ដើម្បីមើលថែពុកម្ដាយបានដិតដល់។
ដោយបានស្ដាប់និងយល់អំពីការលំបាករបស់ពួកគាត់ យើងក៏បានរួមគ្នាបង្កើតសិក្ខាសាលានៃក្ដីស្រឡាញ់សម្រាប់សហគមន៍វ័យចំណាស់មួយនេះនៅក្នុងនេះដើម្បីបង្កើតទំនាក់ទំនងល្អ និងចែករំលែកក្ដីស្រឡាញ់ ស្នាមញញឹម និងការហាត់យូហ្គា។
ហេតុអ្វីបានជាមនុស្សចាស់គួរតែហាត់យូហ្គា?
យូហ្គាគឺជាការលំហាត់ប្រាណមួយបែបដែលយើងចលនាពេញមួយដងខ្លួនដោយផ្តោតទៅលើដង្ហើមចូលនិងចេញនិងការសមាធិក្នុងនោះដែរ។ការស្រាវជ្រាវជាច្រើនបានបង្ហាញអំពីអត្ថប្រយោជន៍ការហាត់យូហ្គាសម្រាប់មនុស្សវ័យចំណាស់ថាការហាត់ការហាត់យូហ្គាគឺធ្វើឱ្យចិត្តស្ងប់ ខួរក្បាលមានការផ្ចង់អារម្មណ៍បានល្អ និងបង្កើនមុខងារនៃការយល់ដឹង។ ការធ្វើឱ្យចិត្តរបស់យើងបានសម្រាកពីការគិតអវិជ្ជាដ៏ស្មុគស្មាញក្នុងជីវិតប្រចាំថ្ងៃអាចបំបាត់ភាពតានតឹង មានការរៀបចំជីវិតប្រចាំថ្ងៃបានត្រឹមត្រូវ។ បើមនុស្សចាស់ហាត់យូហ្គាជាប្រចាំពួកគាត់នឹងទទួលបានអារម្មណ៍ល្អនិងការចងចាំរបស់ពួកគាត់ក៏ប្រសើរឡើងដែរ។នៅពេលដែលយើងកាន់តែមានវ័យច្រើន ឆ្អឹងរបស់យើងបាត់បង់ដង់ស៊ីតេ ហើយសន្លាក់របស់យើងកាន់តែរឹង។ជំងឺពុកឆ្អឹងក្លាយជាបញ្ហាសម្រាប់មនុស្សមួយចំនួន។ ការអនុវត្តយូហ្គាស្រាលៗ ចលនាមួយៗយឺតៗអាចមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ ឬពន្យឺតការបាត់បង់ដង់ស៊ីតេឆ្អឹង បំបាត់ការឈឺចាប់នៅក្នុងឆ្អឹង ជួយពង្រឹងឆ្អឹងនិងសន្លាក់ឲ្យរឹងមាំ ហើយវាក៏ល្អសម្រាប់អ្នកដែលមានជំងឺពុកឆ្អឹងដែរ ភាពតឹងណែននៃសន្លាក់អាចត្រូវបានកាត់បន្ថយដោយការផ្លាស់ទីសន្លាក់របស់យើងតាមការហាត់យូហ្គារៀងរាល់ពេលដែលយើងហាត់។ យូហ្គាជួយបំបាត់ភាពតានតឹងរបស់មនុស្ស អ្នកស្រាវជ្រាវប៉ាន់ស្មានថា ឥរិយាបថ សមាធិ និងដកដង្ហើមយឺតៗរួមបញ្ចូលទាំងការហាត់យូហ្គា ជួយដល់ដំណើរការប្រព័ន្ធប្រសាទ ដែលជួយគ្រប់គ្រងកម្រិតសម្ពាធឈាមយ៉ាងល្អ និងជួយឲ្យយើងគេងលក់ស្កប់។ បើយើងមានកម្លាំងមាំមួននិងមានការសម្រាកល្អគឺជាគន្លឹះក្នុងការបន្ថយដំណើរការនៃភាពចាស់។ យូហ្គាជួយសម្រួលដល់ការដកដង្ហើមរបស់យើងបានល្អ ដែលធ្វើអោយឈាមរត់របស់អ្នកប្រសើរឡើង និងបន្ថយអត្រាបញ្ហាបេះដូង។មិនតែប៉ុណ្ណោះការហាត់យូហ្គាគឺល្អសម្រាប់ធ្វើការលើកម្លាំងខ្នង ភាពបត់បែន ការធ្វើចលនានិងការដកដង្ហើម ដែលទាំងអស់នេះចាំបាច់សម្រាប់ខ្នងឲ្យមានសុខភាពល្អល្អនិងកាត់បន្ថយការឈឺខ្នង វាបានលាតសន្ធឹង និងពង្រឹងសាច់ដុំខ្នងសំខាន់ៗរបស់យើង ដែលធ្វើឱ្យវាល្អសម្រាប់រក្សាភាពរឹងមាំនៃខ្នង និងងាយស្រួលក្នុងការបត់បែន។ យូហ្គាក៏ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយសម្រាប់ជួយកាត់បន្ថយការឈឺខ្នងផ្នែកខាងក្រោម ចង្កេះ ដែលជាប្រភពនៃការឈឺចាប់និងពិការភាពទូទៅបំផុតក្នុងចំណោមមនុស្សដែលមានវ័យចំណាស់។
គោលបំណង៖ លើកកម្ពស់និងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៏វ័យចំណាស់ឲ្យមានសុខភាពល្អនិងរស់នៅសប្បាយចិត្តតាមរយ:ចូលរួមហាត់យូហ្គា និងស្វែងយល់ពីតម្រូវការរបស់ពួកគាត់។
លទ្ធផលបន្ទាប់ពីការចូលរួម៖
តាមរយៈសិក្ខាសាលាអ្នកចូលរួមនឹង៖
– រៀនលំហាត់ប្រាណយូហ្គាទាក់ទងការពន្លារសាច់ដុំ សន្ធឹងដងខ្លួន
– ដឹងពីរបៀបធ្វើលំហាត់ដកដង្ហើមក្នុងកម្រិតដំបូង
– រៀនបច្ចេកទេសសាមញ្ញនៃការសមាធិ
– ទទួលបានការសម្រាកដែលមានថាមពលបំផុតនៅចុងបញ្ចប់ការហាត់
– បង្កើតមិត្តថ្មីមកពីសហគមន៍ផ្សេងៗ
តើអ្នកណានឹងចូលរួមព្រឹត្តិការណ៍នេះ?
អ្នកចូលរួមដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅទាំងបុរសនិងស្ត្រី។
បង្រៀនយូហ្គាដោយ៖
ស្នាមញញឹមដ៏កក់ក្តៅពីធម្មជាតិបានសាយភាយក្ដីស្រឡាញ់របស់គាត់ទៅឲ្យអ្នកជុំវិញខ្លួនពោរពេញដោយការរីករាយ។ ធីណាពិតជាពេញចិត្តការបង្រៀនយូហ្គានិងតែងតែរីករាយក្នុងការចែករំលែកចំនេះដឹងនេះទៅដល់ពិភពលោកទាំងមូល ហើយគាត់ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយអ្នកដែលត្រូវការជំនួយ តាមតម្រូវការរបស់អ្នកអនុវត្តយូហ្គានៅក្នុងថ្នាក់របស់គាត់។
ធីណាគឺជាគ្រូបង្រៀនយូហ្គាអាជីពម្នាក់បានទទួលការបណ្តុះបណ្តាល និងមានការអនុវត្តយូហ្គាយ៉ាងល្អ នៅអាសាហាកម្ពុជាដែលមានបទពិសោធន៍ក្នុងការបង្រៀនផ្នែកនេះរយ:ពេលជិត៦ឆ្នាំហើយ។ ធីណាបានទទួលវិញ្ញាបនបត្រយូហ្គារយៈពេល ២០០ ម៉ោងឈ្មោះថា "Yoga Soul Body fit" និងវិញ្ញាបនប័ត្រយូហ្គាអង្រឹង ដែលយើងភាគច្រើនហៅថា Fly Fit រឺក៏Fly Yogaមានរយ:ពេល ៣០ម៉ោងពីUK Yoga Alliance នៅក្នុងឆ្នាំ២០១៧ ។ នៅខែមីនា ឆ្នាំ២០២២គាត់បានបញ្ចប់ការបណ្តុះបណ្តាលគ្រូបង្រៀនយូហ្គាជីវ៉ាមុកទីអនឡាញ ដែលមានការបញ្ជាក់រយៈពេល៣០០ម៉ោងមកពីប្រទេសអ៊ីតាលី។
ថ្នាក់របស់ធីណាផ្តោតលើការដកដង្ហើមស្របគ្នានឹងការធ្វើចលនាពីក្បាច់ទៅក្បាច់មួយទៀតយ៉ាងរលូន ក៏ដូចជាការហាត់ប្រាណដែរ។ លំហាត់ប្រាណយូហ្គាស្រាលៗ ចលនាយឺតៗ ហើយមានការបត់បែន ទៅតាមរាងកាយនីមូយៗរបស់អ្នកហាត់។ ការប្រមូលអារម្មណ៍មកផ្សារភ្ជាប់នឹងខ្លួន ការសម្រួលដង្ហើមមកដកយឺតៗ រួមបញ្ចូលទាំងការធ្វើសមាធិងាយៗ បច្ចេកទេសនៃការធ្វើលំហាត់ដង្ហើម ទាំងអស់នេះ វាជួយបង្កើនថាមពលរាងកាយ ផ្លូវចិត្តរបស់យើងឲ្យរឹងមាំ ឲ្យចិត្តយើងស្ងប់ និងបញ្ចូលថាមពលល្អដល់ដួងព្រលឹងរបស់យើងឲ្យមានពន្លឺចែងចាំងយ៉ាងស្រស់បំព្រង។ ធីណាក៏បានផ្ដល់ការម៉ាស្សាកនិងស្មារយ:ពេលខ្លីនៅពេលសម្រាកក្នុងថ្នាក់យូហ្គាដើម្បីឲ្យរាងកាយយើងបានសម្រាកកាន់តែជ្រៅនិងបំបាត់ភាពតានតឹង។ ធីណាក៏ច្រៀងពាក្យខ្លះៗជាភាសាសំស្រ្កឹតដោយប្រើឧបករណ៍ភ្លេងបុរាណឥណ្ឌាដើម្បីអោយ រាងកាយចិត្តនិងដួងព្រលឹងរបស់យើងមានការផ្សារភ្ជាប់គ្នាកាន់តែល្អប្រសើរឡើង។
របៀបវារ៖
៧:៣០-៧:៤៥: ការណែនាំ និងការស្វាគមន៍
៧:៤៥-៨:៣០ : ការដឹងអំពីដង្ហើម ហាត់យូហ្គា និងធ្វើសមាធិខ្លីៗ។
៨:៣០-៩:០០: សំណួរចម្លើយ ថតរូបជាក្រុម និងថ្លែងអំណរគុណ។










